ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនលោកកងភារីអធិការរងនគរបាលស្រុកសំរោងទង ទៅតុលាការនៅថ្ងៃទី២២ ខែសីហា ស្អែកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ឱ្យដឹងកាលពីល្ងាចថ្ងៃទី២១ ខែសីហា នេះថា លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជា ពេលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ ។
បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹងនិងបាញ់បោះសេរីខុសច្បាប់។លោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការនៅថ្ងៃទី២២ ខែសីហា ស្អែកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០លោកកងភារីអធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន ៣គ្រាប។ នៅចំណុចបរិវេណសាលាស្រុកសំរោងទង និងនៅថ្ងៃទី១៩ ខែសីហា បាននាំកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់ទៀត៕