ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០ នាទី នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​សឺ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ ។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ ដែល​នៅក្នុង​ឱកាស​នោះ បញ្ហា​ទ្វេភាគី​និង​ពហុភាគី​មួយចំនួន​ដែលជា​ចំណាប់អារម្មណ៍​រួម នឹងត្រូវ​បាន​លើក​យកមក​ពិភាក្សា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង​ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ក្របខណ្ឌ​ទេ្វ​ភាគី និង​ពហុភាគី ។​ក៏​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *